ព្រះអម្ចាស់នឹងផ្គត់ផ្គង់
ការថប់បារម្ភរបស់ខ្ញុំបានកើនឡើង ពេញមួយរដូវក្តៅ មុនពេលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ខ្ញុំចូលចិត្តរៀបចំផែនការ សម្រាប់អ្វីៗគ្រប់យ៉ាង ហើយការចាកចេញពីរដ្ឋរបស់ខ្ញុំ ដើម្បីទៅរៀនយកអនុបណ្ឌិត នៅរដ្ឋផ្សេង ដោយគ្មានការងារធ្វើ បានធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ។ ទោះជាយ៉ាងណាក៏ដោយ ពីរបីថ្ងៃក្រោយមក បន្ទាប់ពីខ្ញុំបានចាកចេញពីការងារនៅរដូវក្តៅ គេបានហៅខ្ញុំ ឲ្យទៅធ្វើការឲ្យក្រុមហ៊ុនមួយ ពីចម្ងាយតាមបណ្តាញអ៊ីនធើណិត។ ខ្ញុំក៏បានទទួលយកការងារនេះ ហើយមានសន្តិភាពក្នុងចិត្ត ពេលបានដឹងថា ព្រះជាម្ចាស់កំពុងតែមើលថែខ្ញុំ។
ព្រះជាម្ចាស់បានផ្គត់ផ្គង់ តាមតែពេលវេលារបស់ទ្រង់ មិនមែនតាមផែនការរបស់ខ្ញុំឡើយ។ លោកអ័ប្រាហាំបានឆ្លងកាត់ស្ថានភាពដែលពិបាកជាងខ្ញុំឆ្ងាយណាស់។ ព្រះជាម្ចាស់បានបង្គាប់គាត់ ឲ្យយកអ៊ីសាក ដែលជាកូនរបស់គាត់ ទៅធ្វើយញ្ញបូជាថ្វាយទ្រង់ នៅលើភ្នំ(លោកុប្បត្តិ ២២:១-២)។ លោកអ័ប្រាហាំក៏បានស្តាប់បង្គាប់ ដោយគ្មានការស្ទាក់ស្ទើរ ហើយក៏បាននាំអ៊ីសាកឡើងភ្នំនោះ។ ក្នុងការធ្វើដំណើរទៅរកភ្នំនោះ បានចំណាយពេលបីថ្ងៃ ដូចនេះ គាត់មានពេលច្រើន ដើម្បីគិតឡើងវិញ ហើយផ្លាស់ប្តូរគំនិត តែគាត់មិនបានផ្លាស់ប្តូរគំនិតសោះ(ខ.៣-៤)។
ពេលអ៊ីសាកសួររកកូនចៀមសម្រាប់ធ្វើដង្វាយ គាត់ក៏បានឆ្លើយថា “កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ”(ខ.៨)។ ខ្ញុំឆ្ងល់ថា តើលោកអ័ប្រាហាំមានការថប់បារម្ភប៉ុណ្ណា ពេលដែលគាត់ចងអ៊ីសាកនៅលើអាសនា ហើយលើកកាំបិតឡើង ដើម្បីសម្លាប់អ៊ីសាក(ខ.៩-១០)។ តែគាត់ក៏បានធូរចិត្តវិញ ពេលដែលទេវតាបានមកបញ្ឈប់គាត់(ខ.១១-១២)។ ព្រះជាម្ចាស់បានត្រៀមដង្វាយ ដែលជាចៀមឈ្មោលមួយក្បាល ដែលកំពុងជាប់ស្នែងនឹងព្រៃ សម្រាប់ធ្វើជាយញ្ញបូជាជំនួយអ៊ីសាក(ខ.១៣)។ ព្រះជាម្ចាស់បានល្បងលសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ហើយគាត់ក៏បានបង្ហាញចេញនូវជំនឿ និងភាពស្មោះត្រង់របស់គាត់ ចំពោះព្រះអង្គ។…
ការយល់ដឹង អំពីទុក្ខលំបាក
មានពេលមួយ ឪពុករបស់មិត្តភក្តិខ្ញុំបានទទួលលទ្ធផលពិនិត្យសុខភាពដ៏គួរឲ្យភ័យខ្លាច ដែលរកឃើញថា គាត់បានកើតជម្ងឺមហារីក។ តែក្នុងអំឡុងពេលនៃការព្យាបាលដោយចាក់គីមី គាត់បានទទួលជឿព្រះយេស៊ូវ ហើយទីបំផុត ជម្ងឺរបស់គាត់មានការប្រែប្រួល ហើយស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ គាត់ក៏បានរស់នៅ ដោយគ្មានជម្ងឺមហារីកអស់រយៈពេល៨ខែ ប៉ុន្តែ ជម្ងីមហារីកក៏បានវិលត្រឡប់មកវិញ ហើយធ្ងន់លើសដើម។ គាត់ និងភរិយារបស់គាត់ ក៏បានប្រឈមនឹងការពិតនៃការវិលត្រឡប់របស់ជម្ងឺមហារីក ដោយការព្រួយបារម្ភ និងសំណួរជាច្រើន ប៉ុន្តែ ក៏បានទុកចិត្ត ចំពោះព្រះជាម្ចាស់ ដោយភាពស្មោះត្រង់ ដោយសារការអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេកាលពីដំបូង។
យើងមិនតែងតែយល់ថា ហេតុអ្វីយើងត្រូវជួបទុក្ខលំបាកឡើយ។ លោកយ៉ូបបានជួបរឿងនេះផងដែរ នៅពេលដែលទុក្ខវេទនា និងការបាត់បង់ដ៏សោកសៅបំផុត បានកើតមានចំពោះគាត់។ តែទោះគាត់មានសំណួរជាច្រើនក៏ដោយ ក្នុងបទគម្ពីរយ៉ូប ជំពូក១២ គាត់បានប្រកាស់ថា ព្រះជាម្ចាស់ជាព្រះដ៏មានចេស្តា ព្រោះ “អ្វីដែលទ្រង់បានរំលំហើយ គេនឹងសង់ឡើងវិញមិនបាន”(ខ.១៤) ហើយ “ទ្រង់មានកំឡាំងឫទ្ធិ ហើយនឹងប្រាជ្ញា”(ខ.១៦)។ “ទ្រង់ចំរើនសាសន៍ទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ”(ខ.២៣)។ ក្នុងការរៀបរាប់នេះ លោកយ៉ូបមិនបានលើកឡើង អំពីមូលហេតុដែលទ្រង់អនុញ្ញាតឲ្យការឈឺចាប់ និងទុក្ខវេទនាកើតឡើងចំពោះគាត់ឡើយ។ គាត់មិនមានចម្លើយ សម្រាប់សំណួរនេះ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏បាននិយាយដោយទំនុកចិត្តថា “ព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះដំរិះ និងយោបល់ដែរ”(ខ.១៣)។
យើងប្រហែលជាមិនយល់ពីមូលហេតុ ដែលព្រះជាម្ចាស់អនុញ្ញាតឲ្យទុក្ខលំបាក កើតឡើងក្នុងជីវិតយើងទេ តែ…
ព្រះពរកំពុងរង់ចាំ
មានពេលមួយ ខ្ញុំនិងមិត្តភក្តិខ្ញុំបានទៅដើរកម្សាន្តជាមួយចៅៗរបស់គាត់។ ខណៈពេលដែលគាត់កំពុងតែរុញរទេះកូនក្មេង គាត់ក៏បាននិយាយថា គាត់បានដើរ ដោយបោះជំហានទៅមុខ តែដូចជាគ្មានប្រយោជន៍សោះ ព្រោះឧបករណ៍រាប់ជំហានដែលគាត់ពាក់នៅកដៃគាត់ មិនបានរាប់ជំហានគាត់ ដោយសារគាត់មិនបានបង់បោយ ពេលគាត់ដើររុញរទេះទៅមុខ។ ខ្ញុំក៏បានរំឭកគាត់ថា ការបោះជំហានដើរនោះ នៅតែមានប្រយោជន៍ចំពោះសុខភាពគាត់។ គាត់ក៏បានអស់សំណើច ហើយប្រាប់ខ្ញុំថា គាត់ដឹងថា វាមានប្រយោជន៍ចំពោះសុខភាពគាត់ តែគាត់ចង់ឲ្យឧបករណ៍នោះរាប់ជំហានគាត់ ដើម្បីឲ្យគាត់បានសន្សំពន្ទុ រហូតបានរង្វាន់ផ្កាយមាស។
ខ្ញុំយល់ពីអារម្មណ៍របស់គាត់! ការខិតខំធ្វើអ្វីមួយ ដោយមិនបានទទួលលទ្ធផលភ្លាមៗ អាចធ្វើឲ្យយើងបាក់ទឹកចិត្ត។ ប៉ុន្តែ យើងមិនតែងតែអាចទទួលរង្វាន់ ឬបានឃើញរង្វាន់ភ្លាមៗឡើយ។ បើយើងចង់បានរង្វាន់ ឬលទ្ធផលភ្លាមៗ នោះយើងងាយនឹងមានអារម្មណ៍ថា ការល្អដែលយើងធ្វើ ហាក់ដូចជាគ្មានប្រយោជន៍ សូម្បីតែការជួយមិត្តភក្តិណាម្នាក់ ឬការបង្ហាញចេញនូវចិត្តសប្បុរសដល់អ្នកដែលយើងមិនស្គាល់ជាដើម។ សាវ័កប៉ុលបានពន្យល់ពួកជំនុំ នៅក្រុងកាឡាទីថា “ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”(កាឡាទី ៦:៧)។ ប៉ុន្តែ យើងមិនត្រូវ “ណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(ខ.៩)។ ការធ្វើអំពើល្អមិនអាចជួយសង្រ្គោះយើងឲ្យរួចពីបាបបានទេ ហើយបទគម្ពីរនេះក៏មិនបាននិយាយឲ្យជាក់លាក់ថា យើងនឹងទទួលផលក្នុងពេលបច្ចុប្បន្ន ឬនៅក្នុងនគរស្ថានសួគ៌នោះឡើយ ប៉ុន្តែ យើងអាចដឹងច្បាស់ថា យើងនឹងច្រូតបានផលជាព្រះពរជាច្រើន(៦:៩)។
ការធ្វើការល្អ គឺពិបាក ជាពិសេស នៅពេលដែលយើងមិនបានមើលឃើញ ឬមិនដឹងថា យើងនឹងទទួលបានលទ្ធផលអ្វីមកវិញ។ តែយើងនៅតែត្រូវបន្តធ្វើការល្អ…
ភាពលម្អិតក្នុងសត្វដ៏តូចបំផុត
មានពេលមួយខ្ញុំបានផ្អែកលើស្មារបស់មិត្តភក្តិខ្ញុំ មើលរូបថតនៅក្នុងទូរស័ព្ទរបស់នាង ដែលនាងបានថត ដោយប្រើមីក្រូទស្សន៍។ ខ្ញុំក៏បានសួរនាងថា “តើឌីអាតូម គឺជាអ្វី?” នាងក៏បានពន្យល់ខ្ញុំថា “អូហ៍ វាដូចប្លុងតុងអញ្ចឹង ប៉ុន្តែ វាពិបាកមើលជាងប្លុងតុង។ ជួនកាល យើងត្រូវសម្រក់ប្រេងមួយដំណក់ នៅលើកែវពង្រីក ឬត្រូវឲ្យពួកវាងាប់សិន ទើបយើងអាចមើលពួកវាឃើញច្បាស់”។ ខ្ញុំក៏បានអង្គុយស្ញើច ខណៈពេលដែលនាងបើករូបភាពផ្សេងទៀតឲ្យខ្ញុំមើល។ ពេលនោះ ខ្ញុំក៏បានជក់ជិតនឹងការគិត អំពីភាពលម្អិត ដែលព្រះទ្រង់បានដាក់ ក្នុងជីវិតដ៏តូច ដែលទាល់តែប្រើមីក្រូទស្សន៍ ទើបយើងអាចមើលពួកវាឃើញ។
ស្នាព្រះហស្ត និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺគ្មានព្រំដែនឡើយ។ ក្នុងកណ្ឌគម្ពីរយ៉ូប ក្នុងចំណោមមិត្តភក្តិរបស់លោកយ៉ូប លោកអេលីហ៊ូវបានអង្អុលបង្ហាញដល់លោកយ៉ូប ខណៈពេលដែលលោកយ៉ូបកំពុងតែមានទុក្ខជាទម្ងន់។ លោកអេលីហ៊ូវបានលើកទឹកចិត្តលោកយ៉ូបថា “ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន។ តើលោកជ្រាបពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ? តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ឬទេ”(យ៉ូប ៣៧:១៤-១៦)។ ក្នុងនាមយើងជាមនុស្ស យើងមិនអាចយល់ច្បាស់ អំពីភាពលម្អិតដ៏ស្មុគ្រស្មាញរបស់ព្រះជាម្ចាស់ និងស្នាព្រះហស្តទ្រង់បានឡើយ។
សូម្បីតែផ្នែកនៃស្នាព្រះហស្តទ្រង់ ដែលយើងមើលនឹងភ្នែកទទេមិនឃើញ ក៏បានឆ្លុះបញ្ចាំងអំពីសិរីល្អ និងអំណាចចេស្តារបស់ព្រះជាម្ចាស់ផងដែរ។ សិរីល្អរបស់ព្រះអង្គបានហ៊ុមព័ទ្ធយើង។ ព្រះអង្គកំពុងធ្វើការរបស់ទ្រង់យ៉ាងសកម្ម ទោះយើងកំពុងតែឆ្លងកាត់បញ្ហាអ្វី ឬមិនអាចមើលឃើញទ្រង់ធ្វើការ ឬមិនអាចមើលយល់ក៏ដោយ។ ចូរយើងសរសើរដំកើងព្រះអង្គ នៅថ្ងៃនេះ ដ្បិត…
ព្រះយេស៊ូវលូកព្រះហស្ត
ពេលខ្លះ ជីវិតរបស់ខ្ញុំមានភាពមមាញឹកណាស់។ ការសិក្សាមានការពិបាក ការងារក៏មានភាពនឿយហត់ ខ្ញុំត្រូវសម្អាតបន្ទប់គេងជាប្រចាំ ហើយការណាត់ជួបនៅហាងកាហ្វេ ក៏មាននៅក្នុងកាលវិភាគទៀត។ ខ្ញុំរវល់ខ្លាំងពេក រហូតដល់ថ្នាក់ ខ្ញុំត្រូវតែបង្ខំខ្លួនឯង ឲ្យរំលែកពេលអានព្រះគម្ពីរ ឲ្យបានពីរបីនាទី ក្នុងមួយថ្ងៃ ហើយប្រាប់ខ្លួនឯងថា សប្ដាហ៍ក្រោយ ខ្ញុំនឹងចំណាយពេលបន្ថែមទៀតជាមួយព្រះជាម្ចាស់។ ប៉ុន្តែ មិនយូរប៉ុន្មាន ខ្ញុំបន្តជាប់រវល់ជាមួយភារៈកិច្ចប្រចាំថ្ងៃ ហើយថែមទាំងភ្លេច ទូលសូមជំនួយមកពីទ្រង់ នៅក្នុងរឿងដ៏ចាំបាច់មួយចំនួន។
នៅពេលដែលលោកពេត្រុសកំពុងដើរលើទឹក ឆ្ពោះទៅរកព្រះយេស៊ូវ គាត់ក៏បានបែកអារម្មណ៍ចេញពីទ្រង់ ដោយសារខ្យល់ និងទឹករលក។ គាត់ក៏ចាប់ផ្ដើមលិចចូលទៅក្នុងទឹក(ម៉ាថាយ ១៤:២៩-៣០)។ ក៏ប៉ុន្តែ នៅពេលដែលលោកពេត្រុសស្រែកសូមឲ្យព្រះយេស៊ូវជួយ “ទ្រង់ក៏លូកព្រះហស្តទៅចាប់គាត់ភ្លាម” (ខ.៣០-៣១)។
ជាញឹកញាប់ ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា ខ្ញុំមានការរវល់ខ្លាំងពេក ហើយចេះតែមានអ្វីនាំឲ្យខ្ញុំបែកអារម្មណ៍ចេញពីទ្រង់ បានជាខ្ញុំត្រូវអនុញ្ញាតឲ្យទ្រង់ជួយខ្ញុំ។ នៅពេលណា ដែលយើងវិលមករកព្រះយេស៊ូវ ដើម្បីសុំជំនួយ ទ្រង់នឹងលូកព្រះហស្ត ដើម្បីជួយភ្លាមៗ ដោយឥតរារែកឡើយ។
នៅពេលណា ដែលភាពចលាចលនៅក្នុងជីវិត ធ្វើឲ្យយើងបាត់បង់លំនឹង យើងងាយនឹងភ្លេចថា ព្រះទ្រង់កំពុងតែគង់នៅក្នុងព្យុះនោះ ជាមួយនឹងយើងដែរ។ ព្រះយេស៊ូវបានសួរពេត្រុសថា "ហេតុអ្វីបានជាអ្នកសង្ស័យ?" (ខ.៣១)។ ទោះបីជាយើងកំពុងតែឆ្លងកាត់រឿងអ្វីក៏ដោយ ព្រះទ្រង់គង់នៅជាមួយយើងជានិច្ច។ ទ្រង់កំពុងតែគង់នៅជាមួយយើង នៅពេលឥឡូវនេះ ហើយតែងតែប្រុងជាស្រេច ដើម្បីលូកព្រះហស្តជួយសង្រ្គោះយើង។—Julie Schwab